CAMEMIS Cambodia ផ្តល់ជូន Software សម្រាប់ គ្រប់គ្រង រដ្ឋបាល ក្នុងវិស័យអប់រំ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការផ្តល់ភាពងាយស្រួល ដល់បណ្តាគ្រឹះស្ថាន អប់រំ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន បច្ចេកវិទ្យា CAMEMIS Cambodia បានផ្តល់នូវកម្មវីធី (Software) ប្រព័ន្ធគ្រប់គ្រង ព័ត៌មានអប់រំមួយឈ្មោះថា CAMEMIS (ខេមមីស) ដោយឥតគិតថ្លែ។

តំណាង CAMEMIS កម្ពុជា លោក ស៊ុន រ៉ាពីដ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា CAMEMIS ត្រូវបានអភិវឌ្ឍឡើង ដើម្បីជួយដល់សាលារៀន និងសាកលវិទ្យាល័យនានា លើពិភពលោក ក្នុងប្រទេសកំពុងអភិវឌ្ឍ ដោយឈរលើទស្សនវិស័យ របស់ខ្លួន ដើម្បីផ្តល់នូវប្រព័ន្ធមួយ ដែលមានមុខងារសព្វបែបយ៉ាង ក្នុងការគ្រប់គ្រងវិស័យអប់រំ និងត្រូវបានប្រើប្រាស់ ដើម្បី ប្រយោជន៍សង្គម ដូចសេវាសាធារណៈផ្សេងៗទៀតផងដែរ។

លោកបន្តថា«CAMEMIS គឺផ្តល់ជូនដោយឥតគិតថ្លៃ ចំពោះសាលារៀន សាកលវិទ្យាល័យ ឬស្ថាប័នអប់រំនានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីគ្រប់គ្រងការងាររដ្ឋបាលសំខាន់ៗ របស់សាលារៀនទាំងមូលដូចជា ការគ្រប់គ្រងសិស្ស គ្រូ បង្រៀន ម៉ោងបង្រៀន ការបង់ថ្លៃរបស់សិស្ស ការបង់ប្រាក់ខែគ្រូបង្រៀន មុខវិជ្ជា គ្រប់គ្រងថ្នាក់រៀននិងបរិក្ខារសិក្សា កាល វិភាគសិក្សា វិន័យ វត្តមាន ពិន្ទុ សៀវភៅសិក្ខាគារិកជាដើម»។

លោក ស៊ុន រ៉ាពីដ បន្ថែមទៀតថា CAMEMIS ផ្តល់លទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រង និងតាមដានការសិក្សារបស់សិស្ស ឬនិស្សិត កាត់បន្ថយការចំណាយ និងផ្តល់របាយការណ៍វិភាគសំខាន់ៗ ដើម្បីជួយដល់អ្នកគ្រប់គ្រង ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ទាន់ ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។ ប្រព័ន្ធនេះដំណើរការជាលក្ខណៈ Web-Based ដែលនិស្សិត អាណាព្យាបាល គ្រូបង្រៀន, បុគ្គលិកសិក្សា និងអ្នកគ្រប់គ្រងសាលា អាចប្រើប្រាស់ប្រព័ន្ធនេះ នៅកន្លែងណា ក៏បានតាមរយៈ បណ្តាញ អ៊ីនធឺណែត ដើម្បីបង្កលក្ខណៈទំនាក់ទំនងគ្នាទៅមក និងទទួលព័ត៌មានពីសាលារៀន ។ លោកអ្នកអាចសាកល្បង ប្រើប្រាស់ប្រព័ន្ធនេះបាន ដោយចូលមើលសេចក្តីណែនាំ មួយចំនួន តាមគេហទំព័រ៖ http://www.camemis.com.kh/index.php/demo

លោកបញ្ជាក់ទៀតថា បច្ចុប្បន្ន Software គ្រប់គ្រងប្រព័ន្ធរដ្ឋបាលនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅប្រទេសកម្ពុជា និងប្រទេស វៀតណាម។

សូមជម្រាបថា CAMEMIS ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន VikenSoft របស់កូនខ្មែររស់នៅប្រទេសអាល្លឹម៉ង់ ដែលការ រចនា អភិវឌ្ឍកូដ និងនីតិវិធីដំណើការ របស់ប្រព័ន្ធនេះ ផ្អែកទៅតាមបទដ្ឋានប្រព័ន្ធអប់រំអន្តរជាតិ។ សព្វថ្ងៃ ប្រព័ន្ធនេះបាន មកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដោយមានចូលរួមពីក្រុមហ៊ុន ខេមហ្វឺស តិចណូឡូជី។ CAMEMIS អាចប្រើប្រាស់ស្រប ជាមួយប្រព័ន្ធអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយមានផ្ទាំងប្រើប្រាស់ជាភាសាខ្មែរទៀតផង ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ៖ www.camemis.com.khwww.vikensoft.info

ចេញផ្សាយដោយ ដើមអម្ពិល(DAP)

Monday, 26 November 2012 11:46