ខេមមីស បើកវគ្គ​ បណ្តុះបណ្តាលលើ ការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង ព័ត៌មានអប់រំ ជូនដល់ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

នៅពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ក្រុមហ៊ុនខេមមីស (CAMEMIS) កម្ពុជា បានបើកវគ្គបណ្តុះបណ្តាល លើការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS) នៅ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ សាស្ត្រាចារ្យ បុគ្គលិករដ្ឋបាល បុគ្គលិកសិក្សា និងអ្នកឯកទេសព័ត៌មាន វិទ្យាប្រចាំវិទ្យាស្ថានមួយចំនួន ។

លោក ស៊ុន រ៉ាពីដ តំណាង ក្រុមហ៊ុនខេមមីស (CAMEMIS) កម្ពុជា បានមានប្រសាសន៍ថា CAMEMISគឺផ្តល់ជូនដោយឥតគិតថ្លៃ ចំពោះសាលារៀន សាកលវិទ្យាល័យ ឬស្ថាប័នអប់រំនានា នកម្ពុជា ដើម្បីគ្រប់គ្រងការងាររដ្ឋបាលសំខាន់ៗ របស់សាលារៀនទាំងមូលដូចជា ការគ្រប់គ្រងសិស្ស គ្រូ បង្រៀន ម៉ោងបង្រៀន ការបង់ថ្លៃរបស់សិស្ស ការបង់ប្រាក់ខែគ្រូបង្រៀន មុខវិជ្ជា គ្រប់គ្រងថ្នាក់រៀននិងបរិក្ខារសិក្សា កាល វិភាគសិក្សា វិន័យ វត្តមាន ពិន្ទុ សៀវភៅសិក្ខាគារិកជាដើម។

លោកបានបន្ថែមថា ជាការពិតណាស់ ប្រទេសកម្ពុជានៅមិនទាន់ មានសាលារៀន ឬសាកលវិទ្យាល័យណាមួយ ដែលដាក់អោយប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំដែលមានលក្ខណៈស្របតាម បទដ្ឋានអន្តរជាតិ និងអាចប្រើប្រាស់បាននៅ លើបណ្តាញអីនធឺណែតនោះទេ បើទោះបីជាមានការប្រើប្រាស់ កម្មវិធីគ្រប់គ្រងសិស្ស ឬគណនេយ្យខ្លះៗ តែពិតជាមានតិចតួចណាស់។ ហេតុដូចនេះហើយ បានជាខេមមីស (CAMEMIS) ត្រូវបានអភិវឌ្ឍឡើង ដែលនឹងលើកប្រសិទ្ធិភាពការងារ ក៏ដូចជាកាត់បន្ថយការចំណាយ និងពេលវេលា ព្រមទាំងដោះស្រាយបញ្ហាស្មុគស្មាញរដ្ឋបាល របស់សាលារៀន ឬសាកលវិទ្យាល័យនានា ហើយដែលនឹងជួយជំរុញ លើកស្ទួយវិស័យអប់រំ នៅកម្ពុជាយើង។

លោក សរ វាសនា អ្នកបណ្តុះបណ្តាលមួយរូប បានឲ្យដឹងថា សិក្ខាកាមទាំងអស់ ទទួលបានការបណ្តុះបណ្តាលទៅ លើការគ្រប់គ្រងព័ត៌មានសិស្ស គ្រប់គ្រងព័ត៌មានបុគ្គលិក សាស្រ្តចារ្យ ការរៀបចំរចនាសម្ព័នសាលារៀន ទៅតាមកម្រិតសិក្សា ឆ្នាំសិក្សា ការប្រឡង ក៏ដូចជាប្រព័ន្ធគណនេយ្យជាដើម។ ក្រោយចប់វគ្គបណ្តុះបណ្តាល លោកសាស្ត្រាចារ្យ បុគ្គលិករដ្ឋបាល បុគ្គលិកសិក្សា និងអ្នកឯកទេសព័ត៌មានវិទ្យា អាចអនុវត្តការងារប្រចាំថ្ងៃ របស់ខ្លួននៅលើប្រព័ន្ធ ខេមមីស (CAMEMIS) នេះបាន។

បន្ទាប់ពីចប់វគ្គសិក្សាលើកទី១នេះ លោក មុំ សាយ ប្រធានការិយាល័យសិក្សា នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា "បន្ទាប់ពីខ្ញុំបានសិក្សាពីប្រព័ន្ឋគ្រប់គ្រងព័ត៌មានអប់រំ(CAMEMIS) នេ រួចមកខ្ញុំយល់ថា ប្រព័ន្ឋនេះមានអត្ថប្រយោជន៏យ៉ាងខ្លាំងដល់ គ្រប់ស្ថាប័នអប់រំទាំងអស់ ចាប់តាំងពីកំរិតមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា រហូតដល់កំរិតឧត្តមសិក្សា។

ប្រព័ន្ឋនេះមានវិសាល ភាពយ៉ាងធំទូលាយ នៅក្នុងការគ្រប់គ្រង ការអប់រំបណ្តុះបណ្តាលគ្រប់ប្រភេទ ដែលក្នុងនោះមាន ការគ្រប់គ្រងលើសិស្ស និស្សិត បុគ្គលិក សាស្រ្តាចារ្យ និងរាល់ដំណើរការការងារទាំងមូលរបស់គ្រឹះស្ថានអប់រំនោះផងដែរ។ ចំណុចសំខាន់ដែលរឹតតែធ្វើអោយខ្ញុំមានការចាប់អារម្មណ៍មានដូចជា អាចធ្វើការជូនដំណឹងដល់សិស្ស និស្សិតទាំងអស់ក្នុងពេលតែមួយ ដោយឆាប់រហ័ស អាណាព្យាបាលសិស្ស និស្សិតអាចតាមដានការសិក្សាកូន របស់គាត់ដោយ ងាយស្រួល គណៈគ្រប់គ្រង គ្រឹះស្ថានអប់រំអាចមើល របាយការណ៍គ្រប់ផ្នែក និងតាមសាខានីមួយៗដោយងាយស្រួល ជាក់ច្បាស់ និងទាន់ពេលវេលា " ។

សូមជម្រាបថា បន្ទាប់ពីប្រកាសដាក់អោយប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS) តាមប្រព័ន្ធផ្សព្វផ្សាយនានារួចមក ខេមមីស (CAMEMIS) កម្ពុជា បានទទួលការស្នើសុំចុះឈ្មោះប្រើប្រាស់ជាបន្តបន្ទាប់ពីសាលារៀន និងសាកលវិទ្យាល័យនានា។ ខេមមីស (CAMEMIS) កម្ពុជា បាននឹងកំពុងរៀបចំបទបង្ហាញ ក៏ដូចជាវគ្គបណ្តុះបណ្តាលនេះ ជាបន្តបន្ទាប់ទៀតទៅតាមសំណូមពររបស់គ្រឹះស្ថានអប់រំនានា ៕ ព័ត៌មានលម្អិតអំពី ខេមមីស (CAMEMIS) នេះ មាននៅគេហទំព័រ www.camemis.com.kh

 

Friday, 04 January 2013 20:01 ដោយ៖ ដើមអម្ពិល(Dap):ID:017