សិក្ខាសាលា ស្តីពីប្រព័ន្ធ គ្រប់គ្រង ព័ត៌មានអប់រំ តាមអ៊ីនធឺណែត

ភ្នំពេញ៖  កាលពីថ្ងៃទី២២ ខែមករាឆ្នាំ ២០១៣ខេមមីស (CAMEMIS)កម្ពុជា រួមជាមួយសាកលវិទ្យាល័យឯកទេស កម្ពុជា(CUS) បានធ្វើសិក្ខាសាលាស្តី ពីប្រព័ន្ធគ្រប់គ្រង ព័ត៌មាន អប់រំតាមអ៊ីនធឺណែត ដោយប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS) សម្រាប់សាស្រ្តាចារ្យ និងនិសិ្សតទាំងអស់ នៅ CUS ទីតាំងស្ទឹងមានជ័យ។

លោក ស៊ុន រ៉ាពីដ វាគ្មិនមួយរូប តំណាង ខេមមីស (CAMEMIS) កម្ពុជា បានធ្វើបទបង្ហាញពី ប្រព័ន្ធគ្រប់គ្រងព័ត៌ មានអប់រំ ខេមមីស (CAMEMIS) ដែលជាឧបករណ៍មួយ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសាលារៀន សាកលវិទ្យាល័យ ឬស្ថាប័នអប់រំនានា នៅកម្ពុជា ដើម្បីគ្រប់គ្រងការងាររដ្ឋបាលសំខាន់ៗ របស់សាលារៀនទាំង មូលដូចជា ការគ្រប់គ្រងសិស្ស គ្រូ បង្រៀន ម៉ោងបង្រៀន ការបង់ថ្លៃរបស់សិស្ស ការបង់ប្រាក់ខែគ្រូបង្រៀន មុខវិជ្ជា គ្រប់គ្រងថ្នាក់រៀននិងបរិក្ខារសិក្សា កាល វិភាគសិក្សា វិន័យ វត្តមាន ពិន្ទុ សៀវភៅសិក្ខាគារិកជាដើម។

លោកបានបន្ថែមថា ជាការពិតណាស់ ប្រទេសកម្ពុជានៅមិន ទាន់មានសាលារៀន ឬសាកលវិទ្យាល័យណាមួយ ដែលដាក់អោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ព័ត៌មានអប់រំដែលមានលក្ខណៈ ស្របតាមបទដ្ឋានអន្តរជាតិ និងអាចប្រើប្រាស់បាន នៅលើបណ្តាញអីនធឺណែតនោះទេ បើទោះបីជាមានការប្រើប្រាស់ កម្មវិធីគ្រប់គ្រងសិស្ស ឬគណនេយ្យខ្លះៗ តែពិតជាមានតិចតួចណាស់។ ហេតុដូចនេះហើយ បានជាខេមមីស (CAMEMIS) ត្រូវបានអភិវឌ្ឍឡើង ដែលនឹងលើកប្រសិទ្ធិភាពការងារ ក៏ដូចជាកាត់បន្ថយការចំណាយ និងពេលវេលា ព្រមទាំងដោះស្រាយបញ្ហាស្មុគស្មាញ រដ្ឋបាលរបស់សាលារៀន ឬសាកលវិទ្យាល័យនានា ហើយដែលនឹងជួយជំរុញលើកស្ទួយវិស័យអប់រំនៅកម្ពុជាយើង។

លោក គាំ វិបុលរិទ្ធិ អ្នកផ្តួចផ្តើមគំនិត និងជាអ្នកបង្កើត ខេមមីស (CAMEMIS) បានធ្វើបទបង្ហាញពីលក្ខណៈបច្ចេកទេស និងវិធីសាស្ត្រក្នុងការ អភិវឌ្ឍប្រព័ន្ធនេះ ឡើងជូនដល់សាស្ត្រាចារ្យ និងនិសិ្សត។ ខេមមីស (CAMEMIS) ត្រូវបានអភិវឌ្ឍឡើងដោយប្រើបច្ចេកវិទ្យាទាន់សម័យ លើបណ្តាញអ៊ីនធឺណែត អាចប្រើប្រាស់បានពីគ្រប់កន្លែង គ្រប់ពេលវេលា ហើយមិនទាមទារការតម្លើងកម្មវិធីសម្រាប់អ្នកប្រើប្រាស់ឡើយ។ ជាងនេះទៀត គ្រោងរចនាសម្ព័នរបស់ ប្រព័ន្ធនេះអាចប្រើប្រាស់ បានសម្រាប់ចំនួន សាលារៀនឥតដែនកំណត់ និងបំពាក់នូវការការពារ សុវត្ថិភាពរឹងមាំទៀតផង ហើយអ្នកប្រើប្រាស់នីមួយៗ (សិស្ស សាស្ត្រាចារ្យ បុគ្គលិកសិក្សា បុគ្គលិកគណនេយ្យ នាយកសាលា) តម្រូវអោយមានគណនី រៀងខ្លួនដើម្បីអាចប្រើប្រាស់បាន។

លោក មាស សាវន់ នាយកសាខាសាកល វិទ្យាល័យឯកទេសកម្ពុជា សាខាស្ទឹងមានជ័យ  បានមានប្រសាសន៍វាយតម្លៃខ្ពស់ថា ប្រព័ន្ធនេះផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់និស្សិត សាស្ត្រាចារ្យ បុគ្គលិកសិក្សា បុគ្គលិកគណនេយ្យ ថ្នាក់ដឹកនាំ ក៏ដូចជាពង្រឹងគុណ ភាពសិក្សានៅក្នុងសាកលវិទ្យាល័យ។ លោកបានផ្តាំផ្ញើដល់និស្សិត សាស្ត្រចារ្យអោយ ប្រុងប្រៀបជាស្រេចក្នុងការអនុវត្ត និងប្រើប្រាស់ប្រព័ន្ធនេះ ក្រោយសាកលវិទ្យាល័យ តម្លើងប្រព័ន្ធនេះនាពេលឆាប់ៗខាងមុខនេះ ដើម្បីអោយទាន់យុគសម័យបច្ចេកវិទ្យា និងឈានមុខគេនៅកម្ពុជា។

សូមជម្រាបថា បន្ទាប់ពីប្រកាសដាក់អោយប្រើប្រាស់  ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS) តាមប្រព័ន្ធផ្សព្វផ្សាយនានារួចមក ខេមមីស (CAMEMIS) កម្ពុជា បានទទួលការស្នើសុំចុះឈ្មោះប្រើប្រាស់ ជាបន្តបន្ទាប់ពីសាលារៀន និងសាកលវិទ្យាល័យនានា។  ខេមមីស (CAMEMIS) កម្ពុជា បាននឹងកំពុងរៀបចំបទបង្ហាញ ក៏ដូចជាវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ទៀតទៅតាមសំណូមពររបស់គ្រឹះស្ថានអប់រំនានា ៕ ព័ត៌មានលម្អិតអំពី ខេមមីស (CAMEMIS) នេះ មាននៅគេហទំព័រ www.camemis.com.kh ។

ចេញផ្សាយដោយ Dap-news
កាលពី Tuesday, 22 January 2013 16:37